ចម្លាក់ក្បាច់គូថខ្យងលើសំណង់ថ្មត្រូវបានរកឃើញដំបូងនៅដើមសម័យអង្គរ ក្នុងរចនាបថព្រះគោ មានដូចជាប្រាសាទព្រះគោ ប្រាសាទបាគង និងប្រាសាទលលៃ នៅពាក់កណ្ដាល-ចុងសតវត្សទី៩ នៃគ.ស.។
ក្រោយមកទៀតក្បាច់រាងគូថខ្យងនេះត្រូវបានប្រើប្រាស់យ៉ាងពេញនិយមនៅដើម-ពាក់កណ្ដាលសតវត្សទី១០នៃគ.ស. ក្នុងសិល្បៈរចនាបថកោះកេរ្តិ៍ មានដូចជា នៅប្រាសាទក្រចាប់, ប្រាសាទធំឬប្រាសាទប្រាង្គ, ប្រាសាទបេង, ប្រាសាទស្រុត, ប្រាសាទបន្ទាយពីរជាន់ និងប្រាសាទភ្នំសណ្តក។ នេះបើតាមការបកស្រាយពីលោក ធន វ៌រថន ជាអ្នកស្រាវជ្រាវ។
ក្បាច់រាងគូថខ្យងបន្តពេញនិយមក្នុងរចនាបថបន្ទាយស្រីមានដូចជានៅប្រាសាទបន្ទាយស្រី ចុងសតវត្សទី១០ជាសក្ខីកម្មស្រាប់, រចនាបថឃ្លាំង មានដូចជាប្រាសាទព្រះវិហារ និងខ្លោងទ្វារព្រះបរមរាជវាំង នៃរាជធានីអង្គរធំ ចុងសតវត្សទី១០-ពាក់កណ្ដាលសតវត្សទី១១) ឥទ្ធិពលក្បាច់គូថខ្យងបានថមថយទៅវិញនៅរចនាបថបាភួនមានការប្រើប្រាស់តិចតួចប៉ុណ្ណោះចាប់ពីពាក់កណ្ដាល-ចុងសតវត្សទី១១។
ចំណែកឯសិល្បៈរចនាបថអង្គរវត្ត និងរចនាបថបាយ័ន សតវត្សទី១២-១៣ គេហាក់មិនឃើញមានប្រើប្រាស់ក្បាច់គូថខ្យងលើប្រាសាទថ្មទៀតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្បាច់នេះបានបង្ហាញវត្តមានតាមចម្លាក់លើជញ្ជាំងថែវប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នជំនួសវិញ អាចគេបន្តប្រើក្បាច់នេះតែលើសំណង់ផ្សេងៗធ្វើពីឈើក្រៅពីប្រាសាទថ្មប៉ុណ្ណោះ៕
0 Comments:
Post a Comment